ប្រាសាទអង្គរវត្ត

រូបសំណាក់លោកឪពុកបូស្កូ

Sunday, July 7, 2013

អាជ្ញា​ធរ​ខេត្ត​កែប​រៀបចំ​ពិធី​ដាំ​កូន​​គគីរ​ជាង​400ដើម​​​ក្នុង​ថ្ងៃ​បុណ្យ​រុក្ខទិវា​9កក្កដា​

ខេត្ដ​កែប​ ៖​ មន្ដ្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ ព្រះសង្ឃ​ លោក​គ្រូអ្នកគ្រូ​ សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០០​នាក់​ នៅ​ក្នុង​ភូមិ​កែប​ សង្កាត់​កែប​ ក្រុង​កែប​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦​ មិថុនា​ បាន​ប្រារព្ធ​បុណ្យ​រុក្ខទិវា​៩​ កក្កដា​ ដាំ​កូន​គគីរ​ចំនួន​៤៥​០​ដើម​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​កូន​គគីរ​ពី​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កំពត​ ។​
ពិធី​នេះ​ប្រព្រឹត្ដ​ឡើង​ក្រោម​អធិបតីភាព​លោក​ កែន​ សត្ថា​ អភិបាល​ខេត្ដ​ និង​​មន្ដ្រី​អ្នក​មុខ​អ្នក​ការ​ក្នុង​ខេត្ដ​យ៉ាង​ច្រើន​កុះករ​ ។​
លោក​ ស៊ឹម​ ឡាប៉័ង​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កំពត​ បាន​មាន​ប្រសាសន៍​ជម្រាប​ជូន​ភ្ញៀវ​អំពី​អត្ថន័យ​ជា​ប្រវត្ដិ​សាស្រ្ដ​រុក្ខ ​ទិវា​៩​ កក្កដា​ ដែល​ប្រារព្ធ​នា​ថ្ងៃ​នេះ​ថា​ បុណ្យ​រុក្ខទិវា​នេះ​គឺ​មិន​មែន​ទើប​តែ​ធ្វើ​ឡើង​ ឬ​បង្កើត​ឡើង​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ​ គឺ​មាន​តាំង​ពី​សម័យ​សង្គម​រាស្រ្ដ​និយម​ ជា​ព្រះ​រាជ​សកម្មភាព​ជា​ប្រវត្ដិសាស្រ្ដ​ ក្រោម​ព្រះ​រាជ​កិច្ច​ដឹក​នាំ​ប្រកប​ដោយ​ព្រះបញ្ញា​ញាណ​ដ៏​ភ្លឺ​ស្វាង​បំផុត ​របស់​ព្រះ​ករុណា​ ព្រះ​មហាវីរក្សត្រ​​ ព្រះវររាជ​បិតា​ជាតិ​ខ្មែរ​ ព្រះ​បាទ​នរោត្ដម​​​សីហនុ​​ ដែល​ព្រះ​អង្គ​បាន​ឡាយ​ព្រះ​ហស្ដ​លេខា​លើ​ព្រះ​រាជក្រឹត្យ​លេខ​៧៣៨​​នស​ចុះ​ ថ្ងៃទី​៨​ សីហា​ ឆ្នាំ​១៩៥២​ ។​
ក្នុង​ទិស​ដៅ​បន្ដ​វេន​ពី​សម័យ​សង្គម​រាស្រ្ដ​និយម​ រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត​ និង​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្ដេចអគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ធ្វើ​កំណែ​ទម្រង់​វិស័យ​ព្រៃឈើ​រៀង​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ និង​រៀប​ចំ​បុណ្យ​រុក្ខទិវា​៩​ កក្កដា​ ជា​ប្រពៃ​ណី​ប្រវត្ដិ​សាស្រ្ដ​នេះ​ជារៀង​រាល់​ឆ្នាំ​ ហើយ​យើង​បាន​ប្រារព្ធ​ធ្វើ​តាម​បណ្ដា​ខេត្ដ​-​រាជធានី​ នា​ពេល​កន្លង​មក​បាន​២១លើក​រួច​មក​ហើយ​នៅ​ទូទាំង​ប្រទេស​ ។​
លោក​ កែន​ សត្ថា​ អភិបាល​ខេត្ដ​ បាន​មាន​មតិ​សំណេះ​សំណាល​ទៅ​កាន់​ប្រជាពលរដ្ឋ​ និង​មន្ដ្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ ដែល​បាន​ចូល​រួម​ថា​ បុណ្យ​រុក្ខទិវា​ ដែល​ប្រព្រឹត្ដ​ឡើង​នា​ថ្ងៃ​នេះ​ ក្រោម​កិច្ច​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​សម្ដេច​តេជោ​ ហ៊ុន​​ សែន​ ដែល​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​យក​ចិត្ដ​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្លា​បំផុត​នូវ​ វិស័យ​ព្រៃឈើ​ ហើយ​បាន​ដឹក​នាំ​ និង​ពញ្ញាក់​ស្មារតី​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ ចេះ​ស្រឡាញ់​​ និង​ស្គាល់​ច្បាស់​ពី​គុណ​ប្រយោជន៍​នៃ​ព្រៃឈើ​ ។​
លោក​អភិបាល​ខេត្ដ​ បាន​បន្ដថា​ ព្រៃឈើ​មាន​គុណ​ប្រយោជន៍​ច្រើន​ឥត​គណនា​សម្រាប់​មនុស្ស​ សត្វ​នៅ​លើ​ភព​ផែន​ដី​យើង​នេះ​ ព្រៃឈើ​បាន​ផ្ដល់​នូវ​សោភ័ណភាព​​ ទេសភាព​ធម្មជាតិ​ បរិស្ថាន​ និង​កាត់​បន្ថយ​ការ​ឡើង​កម្ដៅ​ និង​គ្រោះ​ធម្មជាតិ​ផ្សេង​ៗ​នៅ​លើភព​ផែន​ដី​ ។​ ជា​មួយ​គ្នា​នេះ​ លោក​បាន​អំពាវនាវ​ឱ្យ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​​ធ្វើ​យ៉ាង​ណា​យើង​ត្រូវ​តែ​ ដាំ​កូន​ឈើ​ឱ្យបាន​គ្រប់​ៗ​គ្នា​នៅតាម​ផ្ទះ​​ ឬ​តាម​ដង​ផ្លូវ​សាធារណៈ​ ។​ ចំណែក​មន្ដ្រី​រាជការ​ត្រូវ​ដាំ​កូន​ឈើ​ក្នុង​ម្នាក់​ៗ​ឱ្យ​បាន​ច្រើន​ដើម​ ព្រះសង្ឃ​ លោក​គ្រូ​ អ្នកគ្រូ​ ត្រូវ​ដាំ​នៅ​ក្នុង​ទី​វត្ដ​អារាម​ និង​បំផុស​ដឹក​នាំ​សិស្ស​ឱ្យ​ដាំ​នៅ​តាម​សាលា​រៀន​ឱ្យ​បាន​គ្រប់​ៗ​សាលា​ ទាំង​អស់​ ។​ បើ​ខ្វះ​កូន​ឈើ​ត្រូវ​រាយ​ការណ៍​មក​រដ្ឋបាល​ព្រៃ​ឈើ​ ដើម្បី​ដោះ​ស្រាយ​ជូន​បងប្អូន​ ​។​
លោក​ក៏​បាន​ណែ​នាំ​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​គ្រប់​ ថ្នាក់​មូល​ដ្ឋាន​ទូទាំង​ខេត្ដ​ សុំ​ឱ្យ​ពន្យល់​ផ្សព្វផ្សាយ​ បំផុស​ការ​ដាំ​កូន​ឈើ​ និង​ការ​ថែ​ទាំង​កូនឈើ​ដែល​កំពុង​ដាំ​ និង​មាន​ស្រាប់​ឱ្យ​បាន​គង់​វង្ស​ ឈប់​កាប់​បំផ្លាញ​តទៅ​ទៀត​ ។​ បំផុស​ក្មួយ​ៗ​ជំនាន់​ក្រោយ​ឱ្យ​ចេះ​ស្រឡាញ់​ដើម​ឈើ​ ឱ្យ​ចេះ​ថែ​រក្សា​ដើម​ឈើ​ និង​ឱ្យ​យល់​ពី​ផល​ប្រយោជន៍​នៃ​ដើមឈើ​ ។​
ក្នុង​ឱ​កាស​នោះ​ដែរ​លោក​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ​ម្ចាស់​ដី ដែល​មាន​ដី​នៅ​ក្នុង​ក្រុង​កែប​ សូម​មេត្ដា​ចូល​មក​អភិវឌ្ឍ​ដី​ភូមិ​ ឬដី​ចម្ការ​ កុំទុក​ឱ្យ​ព្រៃ​ដុះ​ស៊ុបទ្រុប​ ពីព្រោះ​ក្រុង​កែប​ជា​តំបន់​ទេសចរណ៍​ ហើយ​អាជ្ញាធរ​ក្រុង​និង​ខេត្ដ​ កំពុង​អភិវឌ្ឍ​តំបន់​ទេស​ចរណ៍​ធម្មជាតិ​ដ៏​មាន​សោភ័ណ​ភាព​ឱ្យ​ស្រស់​បំព្រង​ ឡើង​ សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​ចូល​មក​ទស្សនា​តំបន់​នេះ​កាន់​តែ​ច្រើន​ ឡើង​ថែម​ទៀត​​ ។​
លោក​ក៏​បាន​រំលឹក​ផង​ដែរ​ថា​ កន្លង​មក​មាន​ម្ចាស់​ដី​មួយ​ចំនួន​ អាជ្ញាធរ​បាន​ប្រកាស​ជូន​ដំណឹង​ឱ្យមក​កាប់​ឆ្ការ​ ដើម្បី​អភិវឌ្ឍ​ដី​ភូមិ​របស់​ប្រជា​ពលរដ្ឋ​ អត់​មាន​អ្នក​ណា​មក​ទេ​ បើមាន​ប្រជាពល​រដ្ឋ​ណា​ម្នាក់​ទៅ​ត្រាយ​ព្រៃ​ដែល​ដុះ​ស៊ុបទ្រុប​នោះ​ ទើប​មាន​ពាក្យ​បណ្ដឹង​ពី​ម្ចាស់​ដី​ប្ដឹង​មក​ចៅ​ហ្វាយ​ខេត្ដ​ក៏​មាន​ ។​ ដូច្នេះ​ ដើម្បី​ធ្វើ​ឱ្យ​សោភ័ណភាព​ក្នុង​ខេត្ដ​កែប​កាន់​តែ​ទាក់​ទាញ​ដល់​ភ្ញៀវ​ ទេសចរ​នោះ​ សូម​ប្រជាពលរដ្ឋ​ដែល​មាន​ដី​នៅ​ក្នុង​ក្រុង​កែប​មេត្ដា​មក​អភិវឌ្ឍ​កុំទុក​ ឱ្យ​ព្រៃ​ដុះ​ស៊ុបទ្រុប​បាត់​សោភ័ណភាព​នៅ​ក្នុង​ខេត្ដ​ ទេសចរណ៍​ធម្មជាតិ​​មួយ​នេះ​តទៅ​ទៀត​ ៕​ប្រភពមកពី៖ កោះសន្តិភាព

បែក​ធ្លាយ​រូបភាព​ស្មាត​ហ្វូន Motorola ថ្មី​នៅ​លើ​ប្រព័ន្ធ​អនឡាញ

នៅមុននេះ មានព័ត៌មានជាច្រើន បាននិយាយថា ក្រុមហ៊ុន Motorola នឹងបង្ហាញនូវស្មាតហ្វូន Moto X ប៉ុន្តែនៅពេលនេះ មានព័ត៌មានចចាមអារ៉ាម ចុងក្រោយបាននិយាយថា ស្មាតហ្វូនថ្មីរបស់ Motorola ដែលនឹងបង្ហាញនោះគឺ Motorola Droid Ultra ទៅវិញ។
យោងតាម eLeak បានឲ្យដឹងថា ក្រុមហ៊ុន Motorola កំពុងតែសហការជាមួយនឹង ក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទ Verizon ក្នុងការសាកល្បងលើស្មាតហ្វូន Droid Maxx ដែលជាជំនាន់ថ្មីនៃ Droid Ultra។
ប្រភពខាងលើមិនបានបញ្ជាក់ ពីលក្ខណៈពិសេសនោះទេ ប៉ុន្តែបានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ គឺប្រើប្រាស់ប្រព័ន្ធដំណើរការ Android ជំនាន់ចុងក្រោយ រួមនឹងបំពាក់នូវ Logo របស់ Motorola ថ្មីផងដែរ។
គួរបញ្ជាក់ផងដែរថា នៅមុននេះ នាយកប្រតិបត្តិក្រុមហ៊ុន Motorola បាននិយាយថា នឹងបង្ហាញស្មាតហ្វូនដ៏អស្ចារ្យ សម្រាប់សហរដ្ឋអាមេរិក ដោយបានរចនាឡើងដោយខ្លួន និងផលិតឡើងដោយខ្លួនឯង ដូច្នេះអាចសន្មត់បានថា Droid Maxx អាចជាស្មាតហ្វូនថ្មី ដែលក្រុមហ៊ុននឹងបង្ហាញ ព្រោះថាវាកំពុងតែត្រូវបាន សាកល្បងលើសេវាជាមួយនឹង Verizon ដែលជាក្រុមហ៊ុនផ្ដល់ សេវាកម្មទូរស័ព្ទរបស់អាមេរិក៕ ប្រភពមកពី៖ Looking Today

Wednesday, July 3, 2013

Nokia អាច​នឹង​យឺត​ពេល​ក្នុង​ការ​ប្រើ Android

កាលពីខែមិថុនា កន្លងទៅ មានព័ត៌មានជាច្រើន បាននិយាយថា ក្រុមហ៊ុន Nokia អាចនឹងប្ដូរយុទ្ធសាស្រ្ត មកប្រើប្រាស់ ប្រព័ន្ធដំណើរការ Android នៅក្នុងឆ្នាំ ២០១៦ នៅពេលដែល ក្រុមហ៊ុន Nokia និង Microsoft ផុតកិច្ចព្រមព្រៀងប្រើប្រាស់ Windows Phone។
ដោយឡែកនៅពេលនេះ មានក្រុមហ៊ុនទីផ្សារ ធំៗចំនួនពីរបស់ Nokia បាននិយាយថា ក្រុមហ៊ុន Nokia អាចនឹងយឺតពេលក្នុង ការជ្រើសរើសយក ប្រព័ន្ធដំណើរការ Android មកប្រើនៅក្នុងឆ្នាំ ២០១៦ ព្រោះថានៅពេលនេះ មានក្រុមហ៊ុនផលិតទូរស័ព្ទ ជាច្រើនបានជ្រើសរើសយក Android ជាប្រព័ន្ធដំណើរការ សម្រាប់ស្មាតហ្វូន របស់ខ្លួន។
ក្រុមហ៊ុនទីផ្សារធំៗទាំងពីរខាងលើ បានបន្ថែមទៀត បើសិនជាយកល្អ ក្រុមហ៊ុន Nokia គួរតែបន្តភាពស្និទ្ធស្នាល ឲ្យបានច្រើននឹងក្រុមហ៊ុន Microsoft ក្នុងការប្រើប្រាស់ នូវអាជ្ញាប័ណ្ណ Windows Phone ជាមួយនឹងស្មាតហ្វូនរបស់ Nokia ព្រោះថា គ្មានក្រុមហ៊ុនណាហ៊ាន ប្រជែងក្នុងការប្រើប្រាស់ អាជ្ញាប័ណ្ណ Windows Phone ឡើយ។
គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះ មានតែក្រុមហ៊ុន Nokia មួយប៉ុណ្ណោះដែលជោគជ័យ ក្នុងការប្រើប្រាស់ ប្រព័ន្ធដំណើរការ Windows Phone៕ប្រភពមកពី៖Looking Today

Galaxy S4 មក​ដល់​ពេល​នេះ​ដាច់​អស់ ២០លាន​គ្រឿង​ហើយ

លោក JK Shin ​​​នាយក​ប្រតិបត្តិ​របស់ Samsung កាល​ពី​ថ្មីៗ​នេះ ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​របស់​កូរ៉េ​ថា មក​ដល់​ពេល​នេះ​តួលេខ​លក់ Galaxy S4 សរុប​របស់​ក្រុមហ៊ុន​បានកើន​ដល់ ២០លាន​គ្រឿង​ហើយ។
រយៈពេល​ប្រហែល ២ខែ​បន្ទាប់​ពី Galaxy S4 បាន​ចរាចរ​លក់​នៅ​លើ​ទីផ្សារ គេ​ឃើញ​មាន​ការ​ពេញ​និយម​ប្រើ​យ៉ាង​ខ្លាំង ដោយ​ពេល​នេះ Galaxy S4 ប្រមាណ ២០លាន​គ្រឿង​បាន​ទៅ​ដល់​ដៃ​អតិថិជន​ប្រើប្រាស់​ហើយ។ មុខងារ​ថ្មីៗ ព្រម​ជា​មួយ​សមត្ថភាព​ដំណើរការ​ល្បឿន​លឿន​ក៏​អាច​ជា​ចំណុច​សំខាន់​ក្នុង​ការ ​រុញ​ច្រាន​ឱ្យ Smartphone មួយ​នេះ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំងផង​ដែរ​។
លំហូរ​នៃ​ការ​ចែកចាយ GS IV ជាមួយ​សន្ទុះ​លក់​ដាច់​យ៉ាង​ឆាប់​រហ័ស​បែប​នេះ គឺ​រាប់​ចាប់​ពី​ថ្ងៃ​ចេញ​លក់​ថ្ងៃ​ទី ២៧ ខែ​មេសា​ នៅ​តាម​បណ្ដា​ប្រទេស​នានា​មួយ​ចំនួន ហើយ​គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ប្រហែល ២ខែ។
ធៀប​ទៅ​នឹង Galaxy S III ឃើញ​ថា GS4 មាន​សន្ទុះ​កើន​ឡើង​​ខ្លាំង​​ត។ GS III ទម្រាំ​លក់​បាន ៣០លាន​គ្រឿង​ គឺ​​ចាយ​​ពេល​អស់ ៥ខែ​ឯណោះ តែ GS4 មិន​ដូច​គ្នា​ទេ​គឺ ២ខែ​លក់​បាន ២០លាន​គ្រឿង​ទៅ​ហើយ។ នេះ​មាន​ន័យ​ថា ១ខែ​បាន ១លាន ចុះ​បើ​រយៈពេល ៥ខែ​ស្មើ​គ្នា​នឹង GS III គឺ​អាច​កើន​ដល់ ៥០លាន​គ្រឿង​ក៏​ថា​បាន​ប្រសិន​កំណើន ១០លាន​គ្រឿង​លក់​ចេញ​ក្នុង​មួយ​ខែៗ​ថេរ​នោះ។
ខែ​មុន Samsung ធ្លាប់​បាន​ប្រកាស​តួលេខ​លក់ GS4 ម្ដង​រួច​មក​ហើយ​ដែល​រយៈពេល ១ខែ​អាច​លក់​បាន​រហូត​ដល់ ១០លាន​គ្រឿង៕​ ប្រភពមកពី៖ Sabay News

៣នាទី​បង្ហាញ​ពី​បច្ចេកវិទ្យា​ចម្រុះ​ដ៏​អស្ចារ្យ​នៅ​ឆ្នាំ​២០១៣

បច្ចេកវិទ្យា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ កាន់​តែ​ទំនើប​ឡើងៗ។ បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​លើ ​លោក​សុទ្ធ​តែ​បាន​ពង្រីក​វិស័យ​បច្ចេកវិទ្យា​រៀងៗ​ខ្លួន​ដើម្បី​ ប្រកួតប្រជែង​គ្នា។ មិន​ថា​នរណា​ខ្លាំង​ឬ​ខ្សោយ​នោះ​ទេ ជា​រួម​បច្ចេកវិទ្យា​ដែល​បាន​បង្កើត​ឡើង​មក​នោះ សុទ្ធ​តែ​មាន​អត្ថប្រយោជន៍​ជួយ​សម្រួល​ដល់​កិច្ចការ​របស់​មនុស្ស​ដដែល។
ផលិតផល​ក៏​ដូច​ជា​បច្ចេកវិទ្យា​កំពូល​ៗ ត្រូវ​បាន​គេ​បង្រួម​ចូល​ក្នុង​វីដេអូ youtube តែ​មួយ​បង្ហាញ​ពី​បច្ចេកវិទ្យា​យ៉ាង​ទំនើប​អស្ចារ្យសម្រាប់​ឆ្នាំ ២០១៣​នេះ។ ក្នុង​នោះ​មាន​ផលិតផល​របស់ Google គឺ Smart-Classes ដែល​មាន​មុខងារ​អស្ចារ្យ​ដែល​មិន​គ្រាន់​តែ​ជា​វ៉ែនតា​ធម្មតា​ទេ តែ​ថែម​ទាំង​បាន​បំពាក់​នូវ​កាមេរ៉ា​ទំហំ 5MP ហើយ​អាច​ភ្ជាប់​ជា​មួយ Smartphone តាម​រយៈ Bluetooth ឬ Wi-Fi 802.11b/g , មើល GPS, អាច​ផ្ញើ​សារ​បាន ក៏​អាច​លេង Facebook បាន​ទៀត​ផង។
បន្ទាប់​នោះ​គឺ​ Leap Motion ដែល​ជា​ឧបករណ៍​ប្រើ​សម្រាប់​ភ្ជាប់​ជា​មួយ​កុំព្យូទ័រ​បញ្ជា​តាម​កាយវិការ​ ពី​ចម្ងាយ​បាន។ ​ម៉ាស៊ីន​ព្រីន 3D Printing ដ៏​ទំនើប​អាច​ព្រីន​ឯកសារ​ចេញ​មក​ជា​របស់របរ​ប្រើប្រាស់។ និយាយ​ដល់​បច្ចេកវិទ្យា​ផលិត​ទូរសព្ទ​អេក្រង់​ថ្លា នៅ​ពុំ​សូវ​សម្បូរ​នោះ​ទេ តែ​ក៏​មាន​ជា​បន្ដើរៗ​ហើយ​នៅ​លើ​ផលិតផល Sony។ អេក្រង់​កោង​អាច​បត់បែន​ជា​បច្ចេកវិទ្យា youm display របស់ Samsung ដែល​បាន​បង្អួត​នៅ​ពិព័រណ៍ CES 2013 រួច​មក​ហើយ។ ចុង​ក្រោយ​កាន់​តែ​ប្លែក​ភ្នែក​ជា​មួយ​ទិដ្ឋភាព​ឡាន​ហោះ​ដោយ​ក្រុម​អ្នក​ ជំនាញ​បាន​បង្កប់​កូន​កង្ហារ​តូច​មួយ​គូ​នៅ​សងខាង​ឡាន​អាច​ហោះ​បាន។​ ប្រភពមកពី៖Sabay News

 
តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, វិទ្យុអូស្រ្តាលី, វិទ្យុអាស៊ីសេរី, Everyday.com.kh, Khmerload, Cambodia News, Looking Today